ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងរថភ្លើងទំនើបចំនួន ៤ កំពុងស្ថិតក្នុងការសិក្សាដើម្បីសាងសង់។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីកម្រោងនេះ នៅក្នុងជំនួបពិភាក្សាការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតថែមទៀត៕


អត្ថបទ៖ លីនី


