ក្រុមហ៊ុនរបស់ប្រទេសធំមួយ កំពុងចាប់អារម្មណ៍សង់ កន្រ្តកខ្សែកាប ដែលនឹងជួយឱ្យកម្ពុជាកាន់តែទំនើប
សេដ្ឋកិច្ច February 8, 2023 Khmernote

ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស កំពុងចាប់អារម្មណ៍ការសាងសង់កន្រ្តកខ្សែកាប (Cable Car) នៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារលើកទី២ រវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗដែលក្រសួង បានផ្ដល់ជូនរួចមក ដើម្បីគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី ពិនិត្យសម្រេចលើគម្រោងការសិក្សាដែលក្រុមហ៊ុនបានលើកឡើង។

សូមជម្រាបជូនថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស មានជំនាញរៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិតទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។ ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការ វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន