ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ជប៉ុន គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា និងផលិតទៅទីផ្សារពិភពលោក ហើយកាន់តែពិសេសនោះគឺការកែច្នៃសំបកចន្ទីទៅជាប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ក្នុងជំនួបប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសំបកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះ ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕







អត្ថបទ៖ លីនី


