តម្លៃទុរេននៅវៀតណាម បានកើនឡើង ៣ដងរហូតដល់ជាង ៦ ទៅជាង ៨ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋានភាគខាងត្បូងដោយសារតម្រូវការពីប្រទេសចិនបានកើនឡើង។ អាជីវករលក់ទុរេននៅភាគខាងត្បូងទីក្រុង Can Tho បាននិយាយថា គាត់មិនមានលទ្ធភាពទិញទុរេនក្នុងបរិមាណគ្រប់គ្រាន់ដើម្បីលក់ឱ្យអតិថិជនក្នុងស្រុកឡើយ ដោយសារកសិករទុកលក់ឱ្យឈ្មួញនាំចេញព្រោះបានតម្លៃខ្ពស់។
ជាមួយគ្នានេះ កសិករក្នុងតំបន់ជាច្រើនទៀត បានលើកឡើងថា ដោយសារតម្រូវការពីប្រទេសចិនបានកើនឡើងច្រើនដងធៀបនឹងឆ្នាំមុនដូ ឈ្មួញត្រូវប្រមូលរាប់រយតោនក្នុងមួយថ្ងៃដើម្បីចែកចាយទៅប្រទេសចិន ប៉ុន្តែការផ្គត់ផ្គង់អាចបំពេញតម្រូវការបានត្រឹមតែ ៣០% ទៅ ៥០% ប៉ុណ្ណោះ។ ជាមួយគ្នានេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ទុរេនវៀតណាមល្អជាងផ្លែទុរេនដែលដាំដុះនៅប្រទេសថៃ និងហ្វីលីពីនសម្រាប់នាំចេញទៅប្រទេសចិន
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំមុន ផ្លែទុរេនស្រស់របស់វៀតណាមត្រូវបានបញ្ជូនទៅប្រទេសចិនជាលើកដំបូងក្រោមកូតាផ្លូវការ ខណៈប្រទេសទាំងពីរបានព្រមព្រៀងលើពិធីសារដែលអនុញ្ញាតឱ្យកសិករវៀតណាមដាំទុរេនក្រោមស្តង់ដារចិន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


