យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ១ពាន់លានដុល្លារ ឬ ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុប។ រីឯការនាំចេញស្បែកជើង មានតម្លៃ១ ៧៣៧លានដុល្លារ កើនឡើង ២៥% និងការនាំចេញសម្ភារៈធ្វើដំណើរ ក្នុងតម្លៃ ១៧៧៧ លានដុល្លារបានកើនឡើង១៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់អ្នកយកប័ត៌មានថា វិស័យកាត់ដេរបានតួនាទីយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះ មានកម្មករ កម្មការនីប្រមាណ ១លាននាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រសរុបទូទាំងប្រទេស ដែលជួយសម្រួលជីវភាពដល់ក្រុមគ្រួសាររបស់គាត់។
តែយ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ អាចជួបបញ្ហាប្រឈមខ្លះ ដោយសារតែក្នុងដើមឆ្នាំនេះ ការបញ្ជាទិញមិនមានការកើនឡើង។
លោកបន្ថែមថា «បញ្ហាដោយសារឆ្នាំ២០២២ ការនាំចេញទៅអឺរ៉ុប និងអាមេរិក ការលក់ធ្លាក់ថយចុះ ដោយឥវ៉ាន់នៅសល់ក្នុងឃ្លាំងច្រើនពេក លក់មិនទាន់ចេញនៅឡើយទេ។ កត្តាសំខាន់ គឺសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឲ្យវត្ថុធាតុដើមទូទាំងពិភពលោកឡើងថ្លៃ»។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ មានប្រមាណ ៥៧%នៃការនាំចេញសរុបរបស់កម្ពុជា ខណៈវិស័យនេះបានរួមចំណែកប្រមាណ១០% នៃ GDPកម្ពុជា។ ទីផ្សារសំខាន់របស់កម្ពុជា គឺ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
លោកបន្ថែមថា រាជរដ្ឋាភិបាលមានផែនការពង្រឹងគុណភាពផលិតផលកាត់ដេររបស់កម្ពុជា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីទទួលបានតម្លៃបន្ថែម និងលើកទឹកឱ្យវិនិយោគិនជាជនជាតិខ្មែរ កាន់តែច្រើនមកចូលរួមវិនិយោគក្នុងវិស័យនេះ ខណៈបច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ប្រមាណ៩៥% គឺជាជនបរទេស។
ដោយឡែកគម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជា សង្គេតឃើញថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ ក៏មានចំនួនច្រើនជាងបណ្តាវិស័យផ្សេងៗទៀតផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


