ខ្ទឹមបារាំង និងខ្ទឹមក្រហម ឡើងថ្លៃខ្លាំងនៅហ្វីលីពីន រហូតធ្វើឱ្យគូស្វាមីភរិយាថ្មីថ្មោងមួយគូសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា
សេដ្ឋកិច្ច February 2, 2023 Khmernote

តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង នៅក្នុងប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ធ្វើឱ្យខ្ទឹមទាំងនោះ បានក្លាយជារបស់ប្រណីតមួយនៅក្នុងប្រទេស រហូតដល់គូស្វាមីភរិយាថ្មីថ្មោងមួយសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។

បើតាមប្រភពដដែល តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង បានឡើងដល់ ៨០០ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្នុងទីក្រុងម៉ានីល ពោលមានតម្លៃថ្លៃជាងសាច់មាន់ និងសាច់ជ្រូកទៅទៀត។ ការកើនឡើងមិនធ្លាប់មាននេះ បណ្ដាលមកពីទិន្នផលមិនល្អ ការចំណាយខ្ពស់ ការវិនិយោគមិនគ្រប់គ្រាន់ក្នុងប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រ កង្វះលទ្ធភាពប្រើប្រាស់កន្លែងស្តុកទឹកត្រជាក់ និងផ្លូវពីកសិដ្ឋានទៅទីផ្សារ និងព្យុះទីហ្វុងដែលបំផ្លាញដំណាំបានជះឥទ្ធិពលដល់វិស័យនេះជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលហ្វីលីពីនជួបប្រទះនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបណ្តាលឱ្យតម្លៃកើនឡើង ពោលពេលកន្លងមក ស្ករ អំបិល និងអង្ករ ក៏ធ្លាប់ឡើងថ្លៃដែរ។ ជាមួយគ្នានេះ យោងតាមទិន្នន័យផ្លូវការប្រជាជនហ្វីលីពីនទទួលទានខ្ទឹមជាមធ្យម ២.៣៤ គីឡូក្រាមក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន តម្លៃខ្ទឹម​បាន​កើន​ឡើង​ទ្វេ​ដង លើស​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress