ឈៀងម៉ៃ នៅភាគខាងជើងនៃប្រទេសថៃ ត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី៣២ ក្នុងចំណោមទីក្រុងចំនួន ៤១៦ នៅជុំវិញពិភពលោក។ យោងតាមគេហទំព័រ Numbeo ឈៀងម៉ៃទទួលបានពិន្ទុ ៧៥.៥ ទៅលើផ្នែកសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ បន្ទាប់មកគឺទីក្រុង Davao នៅហ្វីលីពីន ដែលមានលំដាប់ពិន្ទុ (៧២.៤) និងសិង្ហបុរី (៧០.៨)។
ជាមួយគ្នានេះ រដ្ឋធានី Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមត្រូវបានដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកដោយមានពិន្ទុ ៨៨.៨ ហើយតាមពីក្រោយដោយរដ្ឋធានី Doha ប្រទេសកាតា (៨៥.៥) និងទីក្រុងតៃប៉ិ (៨៤.៩)។ ទន្ទឹមនឹងនោះ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី១៧០ ទូទាំងពិភពលោក និងលេខ ៧ នៅអាស៊ីអាគ្នេយ៍ ដែលមានពិន្ទុ ៥៩.៥ ពិន្ទុ។
គួរបញ្ចាក់ផងដែរថា Numbeo គឺជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ពិភពលោកដែលផ្តល់នូវសូចនាករស្តីពីលំនៅដ្ឋាន អត្រាឧក្រិដ្ឋកម្ម ការថែទាំសុខភាព ការដឹកជញ្ជូន តម្លៃនៃការរស់នៅ។ល៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


