ថៃ គ្រោងនឹងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងម្នាក់ ៩ដុល្លារ នៅខែមិថុនាឆ្នាំនេះ
ទេសចរណ៍ January 14, 2023 Khmernote

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានប្រកាសថា ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមប្រមូលប្រាក់ចំនួន ៣០០បាត (ប្រមាណ ៩ដុល្លារ) ពីភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសចាប់ពីខែមិថុនាខាងមុខនេះ។

យោងតាមលោក Phiphat ប្រាក់ដែលប្រមូលបាន នឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរវិញពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ និងដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍នៅក្នុងប្រទេស។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី Phiphat បានបញ្ជាក់ផងដែរថា ការប្រមូលប្រាក់ ៩ដុល្លារនេះ នឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានប័ណ្ណការងារ និងអ្នកដែលទទួលបានការអនុញ្ញាតឱ្យមករស់នៅ ឬ ធ្វើការនៅក្នុងប្រទេសថៃឡើយ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ២៥ លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១១.៨ លាននាក់នៅឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៤០លាននាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus