យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប ៤ ៦៨៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណជា ៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំមុន។
លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជំរុញការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានមានប្រសាសន៍ថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃវិនិយោគសរុបចំនួន ៣ ៤៥០ លានដុល្លារអាមេរិក កើនឡើង ៤៩ ភាគរយ ហើយគម្រោងវិនិយោគដែលបានចុះបញ្ជីក្នុងតំបន់សេដ្ឋកិច្ចពិសេស បានធ្លាក់ចុះ ៣៩ ភាគរយ មកនៅត្រឹម ១ ២៣៥ លានដុល្លារអាមេរិក។
លោកបានមានប្រសាសន៍នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិននៅសណ្ឋាគារសុខាថា គម្រោងវិនិយោគក្នុងស្រុកមានទុនវិនិយោគសរុបចំនួន ២ ៧០៧ លានដុល្លារអាមេរិក ស្មើនឹង ៥៧ ភាគរយ នៃការវិនិយោគសរុប ខណៈដែលការវិនិយោគពីបរទេស ចិននៅតែនាំមុខ ដោយមានទុនសរុប ១ ៤០៨ លានដុល្លារអាមេរិក ស្មើនឹង ៣០ភាគរយ។
លោក សួន សុផល បានបន្តថា ក្រៅពីនោះ មានការវិនិយោគមកពីប្រទេសថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី និងអូស្ត្រាលី ។ល៕

ប្រភព៖ ក្រសួងព័ត៌មាន


