ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។
យ៉ាងណាមិញ បើកឆាកឆ្នាំថ្មីភ្លាម ខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន ៣ទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ ១៦លានដុល្លារ និងបង្កើតការងាររាប់ពានកន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។

២-“YUE WING CHEONG MANUFACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៣-“XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង៕

អត្ថបទ៖ លីនី


