ក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក បង្ហាញបំណងទិញទំនិញបន្ថែមជាច្រើនមុខពីកម្ពុជា ជាពិសេសផលិតផលកសិកម្ម
សេដ្ឋកិច្ច January 6, 2023 Khmernote

ក្រុមហ៊ុ​ន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក បានបង្ហាញបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ។

ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

នៅក្នុងក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី Anbinh Phan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ លោកស្រី ក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីនូវការខិតខំសហការជាមួយក្រុមហ៊ុន Walmart និងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ លីនី