រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រូវច្រើនខ្លាំង ដោយដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត ៣តោនក្នុងរយៈពេលមិនដល់មួយម៉ោង
សេដ្ឋកិច្ច January 4, 2023 Khmernote

យោងតាមការបង្ហោះរបស់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំនេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រូវច្រើនខ្លាំង ដោយដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត ៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។

លទ្ធផលនេះ ត្រូវបានលើកឡើងបន្ទាប់ពី ឯកឧត្តមបានចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ​ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល កាលពីថ្ងៃ សោរិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។

ឯកឧត្តម បានលើកឡើងថា៖ “ខ្ញុំបានសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង។ ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក”។ ជាមួយគ្នានេះ ឯកឧត្តមជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើន បើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមាន​រដូវ​នេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព៕

អត្ថបទ៖ លីនី