យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយសារសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះបានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕


អត្ថបទ៖ លីនី


