យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្ធ ដូចជា ផ្នែកពន្ធដារ និងគយបានចំនួន ៦ ១៤៥ លានដុល្លារអាម៉េរិក ខណៈសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ក្នុងអត្រា ៥.៥ភាគរយផងដែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅស្រុកចិត្របុរី ខេត្ដក្រចេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំពឹងទុកថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ប្រសិនបើទេសចរណ៍ចិនមកកម្ពុជាកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឥឡូវសេដ្ឋកិច្ចកំពុងងើបជាមួយនឹងអត្រា ៥.៥ភាគរយ ឆ្នាំ ឆ្នាំ២០២២ នឹងជាមួយថវិកាជាតិដែលប្រមូលបាន រហូតទៅដល់១២៧ភាគរយ ជាមួយនឹងប្រាក់ចំណូលផ្នែកគយ ២ ៦៩០ លានដុល្លារ ស្មើនឹង១០៤.៩៤ភាគរយ។ ឯផ្នែកពន្ធដារ ៣ ៤៥៥ លាន ដុល្លារ ស្មើនឹង១២២.៥៤ភាគរយ បូកសរុបយើងប្រមូលបានចំណូលសារពើពន្ធទាំងគយ និងពន្ធដារ ៦ ១៤៥ លានដុល្លារ ដោយមិនទាន់គិតចំណូលមិនមែនសារពើពន្ធ។ អាចនិយាយបានថា កម្ពុជាបានត្រឡប់មកមាន អតិរេកថវិកាចរន្តសារជាថ្មី បន្ទាប់ពីកូវីដ-១៩ ដែលយើងចំណាយ ច្រើនជាងចំណូល»។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា ពេលមានកូវីដ-១៩ ចំណូលកម្ពុជាធ្លាក់ចុះ ចំណាយកើនឡើង ឥឡូវនេះកម្ពុជា បានចាប់ផ្ដើមជាមួយនឹងអតិរេកថវិកាចរន្តបន្ដទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន


