ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ជំនាញចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី ផ្ទាំងសូឡា និងរោងចក្រគ្រឿងសង្ហារឹម នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមតំណាងរោងចក្រផលិតសំបកកង់រថយន្តបានឱ្យដឹងថា រោងចក្រមានគម្រោង សាងសង់លើផ្ទៃដី ២៨ហិកតា ហើយជំហានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន ៦០ភាគរយ និងដំឡើងម៉ាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរ ជាម៉ាស៊ីន ស្វ័យប្រវត្តីមិនចាំបាច់ប្រើមនុស្ស និង២ ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្មមនុស្ស រោងចក្រត្រូវការកម្លាំងពលកម្មចំនួន១ ៥០០នាក់ ដំណាក់កាលដំបូងអាចផលិតសំបករថយន្ត ប្រភេទឡានតូច បាន ១៥ ០០០សំបក ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំអាចផលិតបាន ២ ៥០០សំបកក្នុងមួយថ្ងៃ ក្នុងសំបកមួយអាច ប្រើពេល ៦០វិនាទី។ ដូច្នេះក្នុងមួយថ្ងៃ អាចប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រនៅ ប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតឧបករណ៍អគ្គិសនី (ផ្ទាំងសូឡា) និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសបន្តទៀត។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រ ដែលបាន ជួយសម្របសម្រួលឱ្យក្រុមការងារបច្ចេក ទេសរបស់រដ្ឋបាលខេត្តចុះពិនិត្យទីតាំង រោងចក្រ ផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និងរោងចក្រផលិតគ្រឿងសង្ហារឹមនៅក្នុង តំបន់សេដ្ឋកិច្ច ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ញើ សារជូនដល់យុវជន ត្រូវខិតខំរៀន សូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែល ប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូត ដូចជារោងចក្រផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តី ត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ ដូចជាអ្នកដាំ កៅស៊ូនៅកម្ពុជា យើងមានរោងចក្រផលិតសំបក កង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការ ក្នុងរោងចក្រ យើងមិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជា ប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាព ពីធ្វើស្រែមកដាំដុះកៅស៊ូ។ ចំណែករោងចក្រក្តារបន្ទះ ត្រូវការដើមអាកាសហ្សា ដីកន្លែងណា ក៏អាចដាំបានដែរ យើងអាចធ្វើការផ្លាស់ប្ដូរដាំដុះ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់ យើងមើ លឃើញទាំងអស់គ្នា។
រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការ នៃប្រទេសនីមួយៗមានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និងសមត្ថភាពដែល អាចធ្វើទៅបាន ហើយការផលិតរបស់យើងសុទ្ធសឹង តែនាំទៅអឺរ៉ុប និងអាម៉េរិក ទោះបីជាប្រ ទេសទំនើបក៏នៅតែត្រូវការផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់ គេត្រឡប់មក វិញផងដែរ គឺជាផលិតផលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រទេសនេះធ្វើនេះបាន យើងនឹងជំនួសគ្នាទៅវិញទៅមក បើម្នាក់ៗគ្រប់គ្រាន់រៀងខ្លួនលែងមានពាណិជ្ជកម្ម ជាមួយគ្នា។ ប្រសិនបើរោងចក្រផលិតសំបកកង់រថយន្ត នៅប្រទេសដែលដាំកៅស៊ូមិនបាន វាពិតជាថ្លៃ វាត្រូវការផលិតផលជំនួសឱ្យគ្នាទៅវិញទៅមក កុំមើលឃើញខ្វះមួយជ្រុងចេះ តែបង្អាប់គ្នា ប្រទេសណាក៏មានតម្រូវការនាំចូល នាំចេញដូចគ្នា រួមទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ យើងមានលទ្ធភាពធ្វើអ្វីបាន និងទទួលបានប្រាក់ចំណេញ ដើម្បីដោះដូរពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត៕



ប្រភព៖ ក្រសួងព័ត៌មាន


