រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ
សេដ្ឋកិច្ច December 22, 2022 Khmernote

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញនិងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចាស់រួចស្រេច ប្រសិនបើកម្ពុជាសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ នឹងមិនចំណាយពេលវេលាយូរទេ ខណៈដែលផ្លូវដែកចាស់មិនអាចបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច បាន ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន ក៏បានលើកឡើងជុំវិញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននេះ ក្នុងការចរចានាពេលខាងមុខ។

សម្តេចបានឱ្យដឹងថា « យើងកំពុងតែសិក្សា ដើម្បីធ្វើជាផ្លូវដែក ល្បឿនលឿនតែម្តង ភ្ជាប់ពីទីក្រុងភ្នំពេញ មកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។ យើងមានផ្លូវហើយស្រេច ព្រោះបើយើងសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះចំណាយពេលវេលាវាមិនយូរទេ ដោយសារតែយើងមានផ្លូវដែកចាស់រួចស្រេច ផ្លូវដែកចាស់នេះមិនអាចនិងបម្រើឱ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបានទេ។ នាយករដ្ឋមន្ត្រីចិនបានលើកឡើងអំពីចំណុចនេះក្នុងការចរចា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅ។ ក្រៅពីនោះយើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដ៏ទៃទៀត យើងត្រូវខិតខំធ្វើអំពីបញ្ហានេះ តភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោះស្រាយបញ្ហានេះបានគឺយើងនឹងកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយចង់សំដៅថា យើងកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជននិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង »៕

ប្រភព៖ ក្រសួងព័ត៌មាន