រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារនិងការវិនិយោគគម្រោងចំនួន២៣លានដុល្លារដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន(ACGF)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន២៣លានដុល្លារនោះ កម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុនឹងផ្តល់ប្រាក់កម្ចីចំនួន៦លានដុល្លារនិងជំនួយចំនួន៥លានដុល្លារដែលជាហិរញ្ញប្បទានអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន១២លានដុល្លារតាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ចំពោះថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពលនិងផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ គម្រោងនេះ បង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។
លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈសម្រាប់មហាអនុតំបន់មេគង្គរបស់ ADB បានបញ្ជាក់ថា កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយនិងការវិនិយោគគម្រោងដែលនឹងគាំទ្រគ្នាទៅវិញទៅមកដើម្បីទទួលបានផលជាអតិបរមា។ លោកបានថ្លែងថា៖ «វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈនិងឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពលនិងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពលដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះឆ្លើយតបនឹងអាកាសធាតុផងដែរ»។
លោកបានថ្លែងបញ្ជាក់ថា ការវិនិយោគគម្រោងក្រោមកម្មវិធីនេះនឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗរួមទាំងការអភិវឌ្ឍប្រព័ន្ធថ្មផ្ទុកថាមពលដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេសដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភពកកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និងកែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។
លោក Pradeep Tharakan ការវិនិយោគនេះក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្ត នៅខេត្ដកំពត និងខេត្ដកែបដែលនឹងនាំដល់ការសន្សំសំចៃ និងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និង សុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយការផលិតអគ្គិសនីកកើតឡើងវិញត្រឹម២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់២៥ភាគរយ ពីកម្រិតមូលដ្ឋាន ៤ ៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២១។
សូមជម្រាបជូនថា កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុងមានសកម្មភាព។ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ២០១៦។ ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេថាមពលពន្លឺព្រះអាទិត្យនិងដាក់ឱ្យដំណើរការសួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលមានសមត្ថភាព ១០០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះអាទិត្យមានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។ កាលពីដើមឆ្នាំនេះរាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ២ ជីហ្គាវ៉ាត់ ជាមួយនឹងថ្មផ្ទុកដែលត្រូវបានគាំទ្រដោយADB ផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


