រយៈពេល៣ថ្ងៃ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេចរណ៍ និងប្រជាពលរដ្ឋមកកម្សាន្តជាង ៧១ម៉ឺននាក់
ទេសចរណ៍ December 12, 2022 Nuch

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាឆ្នាំនេះ មានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានមានភ្ញៀវទេចរណ៍ និងប្រជាពលរដ្ឋមកកម្សាន្តសរុបចំនួន ៧១២,៦១៤ នាក់ ។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជា ច្រើន ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយតារាល្បីៗ បន្ថែមពីលើនោះ ក៏មាន ការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេង។

ពិធីបុណ្យសមុទ្រ ត្រូវបានបើកជាផ្លូវ ការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ រួមជាមួយការថ្លែងសុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ដោយផ្ដោតលើចំណុចសំខាន់ៗជាច្រើន ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអោយដឹងដែរថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅ ក្នុងព្រឹត្តិការបុណ្យសមុទ្រនេះ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់ សម្គាល់នោះឡើយ ខណៈការធ្វើ ដំណើរនៅតាមដងផងគឺមានការមមាញឹកបន្តិច។

លោកប្រធានមន្ទីរបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានឆាកប្រគំតន្ត្រី៥ឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ។

នៅវេលាយប់នៅមានការសម្ដែង សិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមអភិបាល ខេត្ត គួច ចំរើន។ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។

ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

ប្រភព៖ ក្រសួងព័ត៌មាន