ខ្លោងទ្វារទន្លេអុំជាទីទាក់ទាញអ្នកទេសចរគ្រប់រូបដែលមិនអាចរំលងបាន
ទេសចរណ៍ December 3, 2022 Nuch

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសហាក់ចាប់ផ្តើមមានកំណើនឡើងវិញបណ្តើរៗនៅក្នុងតំបន់បូជនីយដ្ឋាននិងរមណីយដ្ឋានអង្គរ។ ជាការកត់សំគាល់ផងដែរ នាព្រឹកថ្ងៃ៩កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី0២ខែធ្នូឆ្នាំ២០២២ នៅតំបន់ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូចនិងវង់ធំនោះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឈប់ដើម្បីទស្សនា និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍មិនដែលរំលង។

គួរបញ្ជាក់ផងដែរថា កំពូលខ្លោងទ្វារដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយចម្លាក់ទេវតានិងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់ ម្ខាងៗមានចំនួន៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញដោយកសិន្ធុទឹកនេះមានសោភ័ណភាពយ៉ាងល្អឯក ទាក់ទាញចិត្តអ្នកទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលគេធ្វើដំណើរមកដល់ទីនោះ មិនអាចហួសរំលងទេ ដោយគេតែងតែចុះមកទស្សនាស្វែងយល់ និងថតយករូបភាពមិនដែលខាន។

ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ខឿន កុសល បានឱ្យដឹងថា ក្រោយពីចំនួនភ្ញៀវទេសចរ បានកើនឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរខ្លោងទ្វារ ទន្លេអុំមានភាពមមាញឹកខ្លាំង។

ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរលើសពី១ពាន់នាក់ដែលបានឆ្លងកាត់ទីនេះ ហើយបានឈប់ដើម្បីទស្សនានិងថតរូបភាព។ លោក កុសល បានបន្តឱ្យដឹងទៀតថា ដោយសារខ្លោងទ្វារទន្លេអុំជាច្រកចេញចូលសំខាន់នៃក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទៅទស្សនារមណីដ្ឋានអង្គរ វង់តូច និងវង់ធំផងនោះ ចរាចរណ៍មានការមមាញឹកខ្លាំងជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រុមការងារបានសហការណ៍ជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍និងរក្សាសណ្តាប់ធ្នាប់នៅទីនោះ ឱ្យមានភាពល្អប្រសើរ ដោយធ្វើយ៉ាងណាជៀសវាងការកកស្ទះ សម្រួលឱ្យលំហូរទស្សនារបស់ភ្ញៀវបានរលូន មិនរំខានដល់ការទស្សនារបស់ទេសចរឡើយ។

ក៏គួរបញ្ជាក់ផងដែរថា អាជ្ញាធរជាតិអប្សរា បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ សូមចូលរួមគោរពនូវក្រមប្រតិបត្តិអង្គរទាំងអស់គ្នា ដោយកុំស្លៀកពាក់សម្លៀកបំពាក់ខើចខ្លីពេក ដែលមិនស័ក្តិសមនឹងទីតាំងនៃបូជនីយេសក៍ ពិសេសប្រាង្គប្រាសាទ។ មួយវិញទៀត សូមក្រុមហ៊ុនដឹកអ្នកដំណើរ ម៉ូតូកង់បី មេត្តាចតយានជំនិះ ទៅតាមកន្លែងដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកតម្លៃរមណីយដ្ឋានអង្គររបស់យើងទាំងអស់គ្នា៕ ​

ប្រភព៖ ក្រសួងព័ត៌មាន