អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ រួសរាន់មកទូទាត់បំណុលឱ្យបានមុនដំណាច់ឆ្នាំ២០២២នេះ ជាកំហិត
សេដ្ឋកិច្ច November 28, 2022 Nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការតឹងទារបំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក-លោកស្រី នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថាសហគ្រាស ភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញ សហគ្រសទាំងនោះជាច្រើនលើកច្រើនសាឱ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។

អនុលោមតាមមាត្រា ១០៩ មាត្រា ១១១ មាត្រា ១១៣ មាត្រា ១១៤ មាត្រា ១១៥ មាត្រា ១៣៤ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារបំណុលពន្ធចំពោះអ្នកជំពាក់បំណុលពន្ធ ដូចខាងក្រោម៖

– ព្យួរទុកជាបណ្តោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យស្នើសុំ បង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ

– ឃាត់ទុកជាបណ្តោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន

– សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហគ្រាស ឬ និង បុគ្គលពាក់ព័ន្ធ

– សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ/ និង ការផ្ទេរភាគហ៊ុន

– សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗ

– ដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធមិនព្រមមកធ្វើការទូទាត់។

ដូចនេះ ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ សូមលោក-លោកស្រីនាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់បំណុលពន្ធ ឬចូលខ្លួនមក ដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬនៅ សាខាពន្ធដារខេត្ត-ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាស យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត។ សម្រាប់ព័ត៌មាន បន្ថែមលោក-លោកស្រីអាចទាក់ទងមកផ្នែកពិគ្រោះយោបល់របស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈទូរស័ព្ទលេខ ១២៧៧ ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation