(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៣,៥ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំ២០២២ កើនឡើង ១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៦១ ក្នុងរយៈពេល ១០ខែឆ្នាំ២០២២នេះ កើនឡើង ១៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានចង្អុលបង្ហាញថាការវិនិយោគ វិស័យឧស្សាហកម្ម មានចំនួន ៤១,៥ភាគរយ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានចំនួន៥១ភាគរយ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងទាក់ទាញការវិនិយោគកាន់តែច្រើន និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាគមធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក និងបរទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជានៅក្រៅប្រទេស។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានចាត់ទុកថា កំណើននៃគម្រោងវិនិយោគ ទៅនឹងការគ្រប់គ្រងប្រកបដោយជោគជ័យរបស់ប្រទេស ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លោកបានមានប្រសាសន៍ថា «កម្ពុជាបានបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗ ដោយបង្ហាញព្រះរាជាណាចក្រកម្ពុជាជាគោលដៅសក្តានុពលសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស»៕
ប្រភព៖ ក្រសួងព័ត៌មាន


