(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែតុលា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន បានធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសូត្រខ្មែរ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះ មានរូបរាងមើលទៅដូចជាសំបុកដួងខ្មែរពណ៌មាស ដែលត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant)។
រូបរាងនេះគឺសមទៅនឹងឈ្មោះមជ្ឈមណ្ឌល ដោយសារតែការស្រាវជ្រាវទៅលើការបង្កាត់ពូជ និងការចិញ្ចឹមដង្កូវនាងកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលនេះ។ ស៊ុតដង្កូវនាងមានគុណភាពខ្ពស់ដែលបានផលិតនៅទីនេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់ដោយកសិករចិញ្ចឹមដង្កូវនាង ហើយបច្ចុប្បន្នស៊ុតទាំងនោះត្រូវបានចែកចាយដល់កសិករក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។ រដ្ឋាភិបាលជប៉ុនរំពឹងថា ជំនួយនេះនឹងជួយលើកកម្ពស់ឧស្សាហកម្មសូត្របែបប្រពៃណីរបស់កម្ពុជា ហើយក៏ជាការលើកកម្ពស់ជីវភាព កសិករចិញ្ចឹមដង្កូវនាង នៅកម្ពុជាផងដែរ។
អគារមជ្ឈមណ្ឌលសូត្រខ្មែរ ត្រូវបានសម្ពោធឡើងនៅឆ្នាំ២០១៩ បង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។ ដោយមានពីរគោលដៅ ទីមួយ របស់មជ្ឈមណ្ឌល គឺស្រាវជ្រាវ និងផលិតឲ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបានសរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឲ្យកសិករ តាមរយៈកសិករបង្គោល ដែលបានជ្រើសរើស។ ទីពីរ គឺធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិតនូវផលិតផលនានា ដូចជាសាប៊ូគ្រឿងសម្អាង និងអាហារបំប៉នជាដើម៕





