ធនាគារពិភពលោក៖ ចិនត្រូវការវិនិយោគប្រាក់ ១៧លានលានដុល្លារដើម្បីសម្រេចបាននូវផែនការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
សេដ្ឋកិច្ច October 13, 2022 Khmernote

ចិន​៖ របាយការណ៍មួយរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសចិនត្រូវការវិនិយោគប្រាក់ចំនួន ១៧លានលានដុល្លារអាមេរិកដើម្បីសម្រេចបាននូវផែនការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅពេលអនាគត។ នៅក្នុងរបាយការណ៍អាកាសធាតុដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះបានបញ្ជាក់ថា តាមគម្រោងគឺប្រទេសចិននឹងធ្វើការលុបបំបាត់ការបំភាយឧស្ម័នឲ្យសល់ត្រឹមកម្រិតសូន្យនៅត្រឹមឆ្នាំ ២០៦០ ខណៈផែនការនេះត្រូវបានគេរំពឹងថានឹងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាធាតុនៅលើពិភពលោកបានមួយផ្នែកធំ ដ្បិតតាមធម្មតាចិនជាប្រទេសមួយដែលមានសកម្មភាពបំភាយឧស្ម័នចូលនៅក្នុងបរិយាកាសយ៉ាងច្រើនជារៀងរាល់ថ្ងៃ។

នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា វិស័យដែលរដ្ឋាភិបាលចិនត្រូវធ្វើការវិនិយោគនោះរួមមានការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបៃតង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងវិស័យថាមពល និងការដឹកជញ្ជូន។ បើតាមលោក Manuela Ferro ដែលជាអ​នុប្រធានធនាគារពិភពលោកទទួលបន្ទុកនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលពលអាក្រក់ដល់វិស័យសេដ្ឋកិច្ចចិនផងដែរ នៅពិសេសនោះសេដ្ឋកិច្ចនៅក្នុងទីក្រុងនិងនៅតាមតំបន់ឆ្នេរអាចប្រឈមនឹងការថយចុះចន្លោះពី ០,៥  ទៅ ២,៣ % នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ ប្រសិនបើប្រទេសចិនមិនព្យាយាមកាត់បន្ថយការបំពុលបរិស្ថាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times