ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនឹងសម្រួលជីវភាពពួកគាត់ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត
សេដ្ឋកិច្ច October 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនាឆ្នាំ២០២៣ខាងមុខ នឹងសម្រួលជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។

ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី ១៩៤ ដុល្លារ ទៅ ២០០ ដុល្លារ ពោលគឺ ត្រូវបានដំឡើងចំនួន ៦ ដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងជួយសម្រាល ការលំបាកមួយកម្រិតទៀត ដល់កម្មករ និយោជិត របស់កម្ពុជា។

“កំណត់នូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន ២០០ ដុល្លារអាមេរិកដែលកើនពី១៩៤ ដុល្លារនៅឆ្នាំ ២០២២ នេះទៅ ២០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ហើយបើសិនបើយើង បូករួមជាមួយនឹងអាប្រាក់អត្ថប្រយោជន៍បន្ថែមក៏ដូចជាកាតព្វកិច្ចផ្សេងៗទៀតគឺបងប្អូនកម្មករនិយោជិតរបស់យើងទទួលបានប្រាក់ឈ្នួលយ៉ាងតិច ២១០ទៅ២១៧ដុល្លារនៅឆ្នាំ ២០២៣ ហើយបើបូកជាមួយនឹង អត្ថប្រយោជន៍ផ្សេងៗទៀត គឺបងប្អូនកម្មករនិយោជិតរបស់យើងគាត់អាចទទួលប្រាក់ឈ្នួល យ៉ាងតិចគឺ ចន្លោះ ២២៨ ទៅ ២៤០ ដុល្លារក្នុងមួយខែ”។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣នេះ ទីបំផុត ភាគីពាក់ព័ន្ធ ក្នុងនេះ រួមមាន សហជីព និយោជក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចរួម យកតួលេខ ១៩៨ ដុល្លារ និងបូករួមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២ ដុល្លារទៀត ហេតុនេះ ប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិត ឆ្នាំ២០២៣ ខាងមុខ ត្រូវបានដំឡើងដល់ ២០០ ដុល្លារ ៕