យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាម៉េរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ កាលពីថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា ចំណូលតាមប្រភេទពន្ធនិងអាកររួមមានអាករពិសេសមានចំនួន ៣ ១៤៥,៣ ប៊ីលានរៀល (ត្រូវជា ៣៨,១ភាគរយ នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤,៧ ប៊ីលានរៀល (ត្រូវជា៣៧,៦ភាគរយ នៃចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩,៦ ប៊ីលានរៀល (ត្រូវជា១៨,៩ភាគរយ នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១,២ប៊ីលានរៀល (ត្រូវជា ៣,៤ភាគរយនៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន១៦៧,៩ប៊ីលានរៀល (ត្រូវជា២ភាគរយនៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល(ត្រូវជា៤៧,១ភាគរយ នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល(ត្រូវជា ២៦,៧ភាគរយ នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ៦៨៣,៦ប៊ីលានរៀល(ត្រូវជា២០,៤ភាគរយ នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨,៥ប៊ីលានរៀល (ត្រូវជា ៥,៨ភាគរយ នៃចំណូលសរុប)។
ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ទៀតថា ចំពោះទំហំនៃការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ ដែលរួមមាន ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧,០៣ លានដុល្លារអាម៉េរិកកើនឡើងប្រមាណ ២ ០១៥,៣១ លានដុល្លារអាម៉េរិក ស្មើនឹង ២៤,៥ភាគរយ, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិកបង្គុំខ្សែភ្លើងកង់គ្រឿងបន្លាស់រថយន្តអំពូលលម្អផលិតផលពីឈើកុងផ្លាកេ ផលិតផលពីប្លាស្ទិកស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៤ ១៨៧,៥ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៨០៨,២ លានដុល្លារអាម៉េរិក ស្មើនឹង ២៣,៩ភាគរយ, ការនាំចេញកសិផលមានចំនួន ២ ២២៧,៥ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១២២,៣ លានដុល្លារអាម៉េរិក ស្មើនឹង ៥,៨ភាគរយ ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ៥០៣,៦ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៩១,២លានដុល្លារអាម៉េរិក (១៥,៣ភាគរយ), ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៥,១ លានដុល្លារអាម៉េរិក (១,៨ភាគរយ),កៅស៊ូនាំចេញមានតម្លៃ២៧២,៨លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៧ លានដុល្លារអាម៉េរិក (២,៦ភាគរយ), និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាម៉េរិក កើនឡើង ២០១,៥ លានដុល្លារអាម៉េរិក (២១ភាគរយ)។

ជាមួយគ្នានេះដែរ បន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួនដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា និងការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានផ្ដល់ការណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារពង្រឹងអភិបាលកិច្ច, ការកៀរគរចំណូល និងការងារចំពោះមុខមួយចំនួនទៀតដែលរួមមាន ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមបណ្ឌិតក៏បានជំរុញការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យកាន់តែសកម្មថែមទៀត, ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ, រៀបចំកែលម្អសមាសភាពសមាជិកក្រុមការងារមួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, ត្រៀមរៀបចំកិច្ចប្រជុំជាតិនិងអន្តរជាតិសំខាន់ៗមួយចំនួន, ត្រៀមរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, និង រៀបចំទិសដៅផែនការសកម្មភាពការងារដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០២៣៕ដោយ៖ រិទ្ធី, រូបថត៖ អ៊ុង ហុងលៀង សម្រួលផ្សាយដោយ៖ ធូ កុសល



