យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថានៅកម្ពុជាករណីសិក្សាមួយរបស់ការអង្គការ សហប្រជាជាតិ ស្ដីពីការវិនិ យោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ នៃតម្លៃបារីលក់រាយ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជ បណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «វិធានការពន្ធមានប្រសិទ្ធភាព» ដែលរៀបចំធ្វើឡើងរយ:ពេលពីរថ្ងៃ នៅសណ្ឋាគារវិមាននាគថ្មី ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ០៦-០៧ ខែតុលា ឆ្នាំ ២០២២។
លោកវេជ្ជបណ្ឌិត មុំ គង់ បានគូសបញ្ជាក់ថា វិធានការដែលមានប្រសិទ្ធខ្ពស់ក្នុងការជួយគាំទ្រឱ្យប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធលើផលិតផលថ្នាំជក់។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់ នឹងតិចជាងមុន ឬផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លោកវេជ្ជបណ្ឌិតបានបន្ដថា ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺផ្សេងៗ ជា ពិសេសការទប់ស្កាត់នឹងជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា មានមតិបំភ័ន្តមួយចំនួនបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ឱកាសការងារ ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមានការគេចពន្ធ។ ប៉ុន្តែប្រទេសជាច្រើនដែលបានដំឡើងពន្ធថ្នាំជក់រួចមកហើយក្នុងប្រទេសអាស៊ានដូចជាហ្វីលីពីន និងថៃ បានបង្ហាញថា បន្ទាប់ពីដំឡើងពន្ធលើផលិតផលថ្នាំជក់ រដ្ឋាភិបាលប្រទេសគេមិនគ្រាន់តែចំណេញពន្ធបន្ថែមទេ ប៉ុន្តែនៅពេលដំឡើងពន្ធថ្នាំជក់នោះ បារីឡើងថ្លៃ ប្រជាពលរដ្ឋដែលមិនមានលុយបានបន្ថយការជក់បារី។ បញ្ហាទាំងនោះហើយដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការជក់បារីបន្តិចម្តងៗ និងឈានដល់ការផ្តាច់បារីដោយខ្លួនឯង ដូចនៅប្រទេសហ្វីលីពីន និងថៃជាដើម ដែលសព្វថ្ងៃប្រជាពលរដ្ឋរបស់គេជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាលទទួលបានពន្ធបន្ថែមពីថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាលរបស់គេបង្វែរការ ប្រើប្រាស់ថវិកាចំណូលពន្ធទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈបានយ៉ាងច្រើន។
លោកវេជ្ជបណ្ឌិត មុំ គង់ បានអះអាងថា ទូទាំងពិភពលោកថ្នាំជក់ធ្វើឱ្យមនុស្សប្រមាណ ៨លាននាក់ រៀងរាល់ឆ្នាំ ស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែមលើសសំពាធឈាម និងជំងឺជា ច្រើនមុខផ្សេងទៀត ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាមានប្រមាណ ១៥ ០០០ នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ថ្នាំជក់ក៏បណ្តាលឱ្យកម្ពុជាខាតបង់ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាម៉េរិកផងដែរជារៀងរាល់ឆ្នាំ៕


ប្រភព៖ ក្រសួងព័ត៌មាន


