(វៀងចន្ទន៍)៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា តម្លៃនៃរូបិយប័ណ្ណឡាវ ប្រាក់គីប បានធ្លាក់ចុះ ៣៧.៤% ធៀបនឹងប្រាក់ដុល្លារអាមេរិក និង ៣២.៩% ធៀបនឹងប្រាក់បាតថៃនៅក្នុងទីផ្សារផ្លូវការចាប់ពីខែមករា ដល់ខែសីហា។ ការបន្តធ្លាក់ថ្លៃនៃប្រាក់គីបត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្គត់ផ្គង់-តំរូវការមិនស៊ីគ្នានៃរូបិយប័ណ្ណបរទេស ដែលដាក់សម្ពាធលើអ្នកនាំចូល និងការកើនឡើងអតិផរណា។
ការធ្លាក់ថ្លៃរូបិយប័ណ្ណក៏មានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចឡាវ ដែលជំរុញឱ្យតម្លៃផលិតផលឡើងថ្លៃ និងបង្កើតភាពលំបាកបន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រ។ យោងតាមរបាយការណ៍នេះ អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែសីហាគឺនៅកម្រិតខ្ពស់រយៈពេល ២២ឆ្នាំគឺ ៣០%។ អត្រាជាមធ្យមមានចំនួន ១៥,៥% ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២។ តម្លៃប្រេងឥន្ធនៈត្រូវបានកើនឡើង ១៣ដងចាប់ពីខែមករាដល់ខែកញ្ញា ដែលបណ្តាលឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង ៩០,៣% និងតម្លៃសាំងកើនឡើង ៦២,៣%៕
ប្រភព៖ vietnamplus


