កម្ពុជា ស្នើ អារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
សេដ្ឋកិច្ច October 6, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាកម្ពុជាស្នើអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្មនាពេលអនាគត ខណៈដែលក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ២៦លានដុល្លារអាមេរិក ដែលកើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។
ការស្នើសុំបែបនេះរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលព្រះអង្គយាងចូលរួម «មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសំដែងព្រះទ័យសប្បាយរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា ព្រះអង្គបានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលព្រះរាជាណា ចក្រអារ៉ាប៊ីសាអូឌីត បាន សម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសេដ្ឋកិច្ច ពាណិជ្ជ កម្មជាដើមឲ្យមានការកើន ឡើងបន្ថែមទៀត ។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូល បន្ថែមថា ព្រះរាជាណា ចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានទូលថ្វាយព្រះអង្គម្ចាស់ ថានឹងពាំនាំសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ។

ជាងនេះទៅទៀត ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លើយតបតាមសំណើរបស់ព្រះអង្គ និងសន្យាថា នឹងពាំនាំសំណើរបស់ភាគីរបស់កម្ពុជាទៅជម្រាបជូនដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អារ៉ាប៊ីសាអូឌីត ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ឯកឧត្តមរដ្ឋមន្ត្រី បានទូលថ្វាយព្រះអង្គម្ចាស់ និងប្រតិភូថា ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមតែងបានលើកទឹកចិត្ត និងគាំទ្រការ ប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិ ហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ និង ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខនេះ ។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈដល់វិស័យកីឡានៅកម្ពុជា ជាពិសេសវិស័យកីឡាទោចក្រយាន ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីឲ្យវិស័យកីឡាប្រភេទនេះកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗនាពេលខាងមុខ ។

សូមបញ្ជាក់ជូនថា ប្រទេសទាំងពីរ កម្ពុជានិងអារ៉ាប៊ីសាអូឌីតសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦ លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ដែលមាន (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិត ផលធ្វើពីប្លាស្ទិក អាលុយមី ញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈ សំណង់ និងដទៃទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន