រយៈពេល៩ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានចំនួនជាង២ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច October 6, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹង រយៈពេល៩ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានចំនួនជាង២ពាន់លានដុល្លារអាមេរិក ដែលនេះជាផ្នែកមួយចូលរួមក្នុងផែនការនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករ បានប្រមាណ៨ទ្រីលាន ២៣៩ប៊ីលានរៀល ស្មើនឹងប្រមាណ២,២២២លានដុល្លារអាមេរិក ដែលបានប្រមាណ ៧៨,៦១ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុដែលបានកំណត់ ។

ឯកឧត្តមបានបន្តថា តាម រយៈកំណើននៃការប្រមូលពន្ធនេះ អាចឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើងវិញជាលំដាប់ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ។

« នេះគឺជាតួលេខមួយល្អ ដោយខ្ញុំបាទចង់ជម្រាបជូនកាលពីពេលមុនផងដែរថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រំពឹងនិងសង្ឃឹមថា ការអនុវត្តផែនការចំណូលនៅក្នុងឆ្នាំ២០២២ នេះ អាចគ្រប់ផែនការ ដែលជាកាលៈទេសៈនិងជាពេល វេលាមួយដែលយើងឆ្លងផុតពេលវេលាលំបាក ជាពិសេសគឺកាលពី២០២០និង២០២១ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ ហើយយើងដឹងហើយថានៅក្នុងឆ្នាំ២០២០ ជាពិសេស ២០២១មានការបិទខ្ទប់ ដែលធ្វើឱ្យចំណូលមានការធ្លាក់ចុះ ដោយនិយាយឱ្យខ្លីគឺរយៈ ពេលពីរឆ្នាំនៅក្នុងកូវីដ១៩ គឺឆ្នាំ២០២០និង២០២១ អគ្គយកដ្ឋានគយ កៀរគរចំណូលបានមិនបានគ្រប់ផែនការនោះទេ ខណៈដែលកាលពីឆ្នាំ ២០២០យើងបានតែប្រមាណ ៨៣,៥ភាគរយនៃផែនការ ហើយសម្រាប់ឆ្នាំ២០២១គឺបានត្រឹមតែ៩៧ភាគរយនៃផែនការតែប៉ុណ្ណោះ » ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩ ២៩៥ ប៊ីលានរៀល ស្មើនឹង ២ ២៩៥ លានដុល្លារអាមេរិក ថយចុះប្រមាណ៥.១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០ ៕