កូរ៉េខាងត្បូង បញ្ចេញថវិកា៤០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិគីមឈី
សេដ្ឋកិច្ច September 30, 2022 Naren

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េ បានសម្រេចសាងសង់ឃ្លាំងស្តុកស្ពៃ ធំចំនួនពីរបន្ថែមទៀត បន្ទាប់ពីប្រទេសបានមើលឃើញពីវិបត្តិគីមឈីដោយសារកង្វះការផ្គត់ផ្គង់។ ឃ្លាំងនេះនឹងត្រូវបានសាងសង់នៅតំបន់ចំនួន២នៅកូរ៉េ គិតបញ្ជូលគ្នាវាអាចមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣។ សារព័ត៌មាន Reuters បានរាយការណ៍ថា ឃ្លាំងនេះ កូរ៉េខាងត្បូងអាចស្តុកស្ពៃ បាន ១០,០០០តោន និងគ្រឿងទេសផ្សេងទៀត ៥០តោនក្នុងមួយថ្ងៃ។ ការចំណាយលើការសាងសង់គ្រឿងបរិក្ខារទាំងនេះគឺប្រហែល ៤០លានដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៥។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យសីតុណ្ហភាពកើនឡើង ខណៈពេលដែលភ្លៀងកាន់តែច្រើនបានបំផ្លាញស្ពៃដោយហេតុនេះមានបញ្ហាការផ្គត់ផ្គង់។ ឆ្នាំនេះ តម្លៃស្ពៃ បានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេលតិចជាងបីខែ ដែលមួយផ្នែកដោយសារតែអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់។
លោក Ahn Ik-jin នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតគីមឈី Cheongone Organic និយាយថា «យើងធ្លាប់ផលិតគីមឈី ១៥ តោនក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវយើងផលិតបានតែ ១០តោន ឬតិចជាងនេះ»។ លោកបន្ថែមថាក្រុមហ៊ុនរបស់លោកបានដំឡើងតម្លៃគីមឈីដល់ ៣,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។
សូមរំលឹកថាការនាំចេញគីមឈីរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង ១០.៧% (១៦០លានដុល្លារ) កាលពីឆ្នាំមុន ក៏ព្រោវប្បធម៌កូរ៉េកំពុងទទួលបានការចាប់អារម្មណ៍និងល្បីល្បាញទូទាំងពិភពលោក ៕

ប្រភព៖ nationthailand