សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ”។
សម្ដេចតេជោ បានមានប្រសាសន៍នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក កាលពីចុងខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ នាឱកាសនោះសម្ដេចសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា៖ “កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ “។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦ លានដុល្លារអាមេរិកហើយ៕




អត្ថបទ៖ លីនី


