រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនមួយ វិនិយោគរ៉ែមាសនៅទីតាំងថ្មីមួយទៀត ក្នុងខេត្តកំពង់ធំ
សេដ្ឋកិច្ច September 5, 2022 Khmernote

បន្ទាប់ពីចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសនៅខេត្ត នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជានឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

គួររម្លឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពលជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសជាលើកដំបូង ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មកពីប្រទេសអូស្ដ្រាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ហើយគិតត្រឹមដើមខែសីហា ឆ្នាំនេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹងចំនួន ៣,៥៤៣គីឡូ ខណៈកម្ពុជាបានទទួលចំណូលជាង ៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាសនេះ៕

អត្ថបទ៖ លីនី