ប្រទេសស្រីលង្កាដែលកំពុងរងគ្រោះដោយវិបត្តិ បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រាក់កម្ចីប្រហែល ២.៩ ពាន់លានដុល្លារ នេះបើយោងតាមអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍។
សេចក្ដីថ្លែងការណ៍បាននិយាយថា៖ “គោលបំណងនៃកម្មវិធីគាំទ្រដោយមូលនិធិថ្មីរបស់ប្រទេសស្រីលង្កា គឺដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាពបំណុល” ដោយបានគូសបញ្ជាក់អំពីការរៀបចំរយៈពេល ៤៨ខែក្រោមមូលនិធិបន្ថែមរបស់ IMF ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយថ្នាក់គ្រប់គ្រងរបស់ (IMF) និងក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន ហើយត្រូវបានអាជ្ញាធរស្រីលង្កាបន្តតាមដានជាមួយនឹងវិធានការដែលបានព្រមព្រៀងពីមុន។
គួរឱ្យដឹងថា ប្រទេសស្រីលង្កា បាននឹងកំពុងស្វែងរកប្រាក់កម្ចីរហូតដល់ ៣ពាន់លានដុល្លារពី IMF ក្នុងគោលបំណងដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ក្នុងនោះប្រទេសស្រីលង្កាបានប្រឈមមុខ នឹងការខ្វះខាតប្រេងសាំង និងទំនិញមូលដ្ឋានដ៏ទៃទៀតជាច្រើនខែ ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងភាពចលាចលនយោបាយ និងរងការវាយប្រហារដោយអតិផរណា ដែលឥឡូវនេះមានស្ទើរតែ ៦៥%ទៅហើយធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ googleapis.com, newswav, .cloudinary


