អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបាន ២៥០០លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២
សេដ្ឋកិច្ច September 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រយៈពេល ៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២៥០០លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់ក្រុមហ៊ុន ហនុមាន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការប្រមូលពន្ធរយៈពេល ៨ខែ ឆ្នាំ២០២២ បានចំនួន ២៥០០លានដុល្លារសហរដ្ឋ អាមេរិកហើយ បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំបានប្រមាណ ៨៧ភាគរយ។

ឯកឧត្តម គង់ វិបុលបានបញ្ជាក់ថា ការប្រមូលពន្ធឆ្នាំនេះ មានភាពល្អប្រសើរ និងលើសពីផែនការ រហូតបានចំនួនជាង ៣០០០លានដុល្លារអាមេរិក បន្ទាប់ពីនៅក្នុងច្បាប់ថវិកាជាតិដែលបានកំណត់ត្រឹមតែ ២៨០០លានដុល្លារក្នុងឆ្នាំ។ ឯកឧត្តម គង់ វិបុល បានមាន ប្រសាសន៍ថាៈ ការប្រមូលពន្ធលើសផែនការនេះ គឺដោយសារអនុវត្ដតាមយុទ្ធសាស្រ្ដរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារសម្រាប់បង្កលក្ខណៈ ងាយស្រួលចំពោះការបង់ពន្ធមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព ១០០ភាគរយ។ ឯកឧត្តមបញ្ជាក់ថា ការកំណែទម្រង់ផ្នែកប្រព័ន្ធពន្ធដារនេះ គឺជាង ៩០ភាគរយ ក្នុងចំណាត់ថ្នាក់លេខ១ ដែលឈានមុខគេក្នុងវិស័យផ្សេងៗផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន