យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសបង់ក្លាដេសដែលជាប្រទេសផលិតអង្ករធំជាងគេទី៣ របស់ពិភពលោកកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករសរុបចំនួន ៣៣០,០០០ តោន ខណៈដែលប្រទេសនេះកំពុងព្យាយាមដើម្បីបំពេញទុនបម្រុងអង្ករ និងតម្លៃដែលកំពុងកើនឡើងនៅក្នុងស្រុក។
ប្រភពដដែលបានឱ្យដឹងថា ប្រទេសដែលតែងតែប្រើប្រាស់អង្កររបស់ខ្លួនឯងមួយនេះ នឹងទិញអង្ករសំរូបចំនួន ១០០,០០០ តោនពីក្រុមហ៊ុនផ្នែកសាធារណៈរបស់ឥណ្ឌា និងអង្ករ ២០០,០០០តោន និងអង្ករស ៣០,០០០ តោនពីប្រទេសវៀតណាម។ ចំពោះតម្លៃវិញ មន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃអង្ករពីវៀតណាមនឹងមានតម្លៃ ៥២១ ដុល្លារក្នុងមួយតោន ខណៈអង្ករស ៤៩៤ ដុល្លារក្នុងមួយតោន។ ចំណែកឯ ឥណ្ឌាវិញមានតម្លៃ ៤៤៣.៥០ ដុល្លារ ក្នុងមួយតោនតាមកំពង់ផែសមុទ្រ និង ៤២៨.៥០ ដុល្លារក្នុងមួយតោនតាមផ្លូវរថភ្លើង។
ជាមួយគ្នានេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ហើយអង្ករនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេលពីរទៅបីខែបន្ទាប់ពីការចុះហត្ថលេខា។ គួរឱ្យដឹងថា ការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិសម្រាប់ប្រជាជនចំនួន ១៦៥លាននាក់របស់ប្រទេសបង់ក្លាដេសបង្កបញ្ហាដល់រដ្ឋាភិបាល ដែលមានគម្រោងពង្រីកការលក់អង្ករក្នុងតម្លៃទាប ដើម្បីជួយប្រជាជនដែលជួបការលំបាកដោយការចំណាយខ្ពស់។ យ៉ាងណាមិញ រដ្ឋាភិបាលនឹងចាប់ផ្តើមលក់អង្ករក្នុងអត្រាតម្លៃថោកសម្រាប់គ្រួសារក្រីក្រចំនួន ៥លាននាក់ និងពង្រីកការលក់ចាប់ពីខែកញ្ញា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការកើនឡើងនៃតម្លៃក្នុងស្រុក ដែលកំពុងកើនឡើងមួយទៀត បន្ទាប់ពីការឡើងថ្លៃប្រេងក្នុងស្រុកនៅដើមខែនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ vietnamplus, english.vnecdn, brecorder.com, vnecdn.net


