យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា រុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិចោល ដែលមានតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃ ខណៈឧស្ម័នទាំងនេះជាធម្មតាត្រូវនាំចេញទៅប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់ Nord Stream 1។ យោងតាមការវិភាគពី Rystad Energy បានឱ្យដឹងថា រោងចក្រមួយនៅជិតទីក្រុង St Petersburg កំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រមាណ ១០លានដុល្លារក្នុងមួយថ្ងៃៗ។
បើយោងតាម BBC អណ្តាតភ្លើងកំពុងឆាបឆេះនៅរោងចក្រឧស្ម័នធម្មជាតិរាវ Portovaya នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ហើយបើតាមការវិភាគរបស់ Rystad បានបង្ហាញថា វាកំពុងឆេះប្រហែល ៤.៣៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានព្យាយាមបិទការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ក្នុងការឆ្លើយតបជាក់ស្តែងចំពោះទណ្ឌ.កម្មសេដ្ឋកិច្ច និងថាមពលរបស់បស្ចិមប្រទេសដែលបានដាក់ចេញបន្ទាប់ពីការលុកលុយរបស់ខ្លួនទៅលើអ៊ុយក្រែន។
ការបិទនេះ បានធ្វើឱ្យទ្វីបអឺរ៉ុបធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ហើយបានធ្វើឱ្យតម្លៃឧស្ម័នគោលកើនឡើងដល់កម្រិតខ្ពស់បំផុត។ ជាក់ស្ដែងអាឡឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេរបស់អឺរ៉ុប បានជួបនូវវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ដោយតម្លៃអគ្គិសនីរបស់ប្រទេសនេះបានកើនឡើងខ្ពស់លើសពី ៦០០% ក្នុងឆ្នាំ ក្នុងខែកក្កដា ហើយតម្លៃរោងចក្រកំពុងកើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ ដោយសារឧស្សាហកម្មពិបាកស្វែងរកឥន្ធនៈជំនួស៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ yimg.com, bbci.co.uk


