ចិន កំពុងបិទរោងចក្រជាច្រើននៅក្នុងខេត្តស៊ីឈួន ដោយសារខ្វះខាតអគ្គិសនីដែលបណ្ដាលមកពីកម្ដៅក្ដៅខ្លាំង និងគ្រោះរាំងស្ងួត
សេដ្ឋកិច្ច August 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា ប្រទេសចិនកំពុងបិទរោងចក្រជាច្រើននៅក្នុងខេត្តស៊ីឈួន ដោយសារតែរលកកម្ដៅក្ដៅខ្លាំង និងគ្រោះរាំងស្ងួតនៅទូទាំងភាគខាងត្បូងនៃប្រទេសចិនជុំវិញអាងទន្លេយ៉ាងសេបង្កឱ្យខ្វះខាតអគ្គិសនី ។ ការបិទរោងចក្រនេះ គឺកើតឡើងបន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែមុននេះ ដែលបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យក្រុមហ៊ុនផលិតបញ្ឈប់ប្រតិបត្តិការ។

យ៉ាងណាមិញថ្មីៗនេះ អាជ្ញាធរក្នុងខេត្តស៊ីឈួន បានបញ្ជាឱ្យរោងចក្របញ្ឈប់ប្រតិបត្តិការ ដើម្បីទប់ស្កាត់ការដាច់ចរន្តអគ្គិសនី ខណៈខេត្តនេះ ពឹងផ្អែកលើថាមពលវារីអគ្គីសនីប្រហែល ៨០% នៃតម្រូវការថាមពលរបស់ខ្លួន។ បើយោងតាមទិន្នន័យពី Everstream Analytics ដែលជាទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់ និងអ្នកផ្តល់ការវិភាគហានិភ័យ បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការបិទរោងចក្រនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុន។ ជាក់ស្ដែងគិតត្រឹមថ្ងៃពុធ នេះ Everstream បានកត់ត្រាការបិទចំនួន ៣៩ ដែលច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​មួយ​ចំនួន​ដែល​ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​នៅ​ខេត្ត​ស៊ីឈួន រួម​មាន​៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota និង CATL ដែល​ជា​ក្រុមហ៊ុន​ថ្ម​លីចូម​យក្ស​របស់​ចិន។ ក្រុមហ៊ុន​វត្ថុធាតុដើម​សំខាន់ៗ​ក៏​ត្រូវ​រង​ការ​ប៉ះពាល់​ដែរ ហើយ​ផល​ប៉ះ​ពាល់​នឹង​ហូរ​ចូល​តាម​ខ្សែ​សង្វាក់​ផ្គត់ផ្គង់៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ wp.com, assets.bwbx,