សម្ដេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឱ្យបណ្តាក្រុមហ៊ុនផ្សេងទៀតមានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ីនធើណិតដល់អ្នករស់នៅក្នុងបុរី
សេដ្ឋកិច្ច August 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អរគុណដល់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបញ្ឈប់ការផ្តាច់មុខផ្តល់សេវាអ៊ីនធើណេត នៅក្នុងបុរី និង ផ្តល់ឱកាសឱ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ីនធើណិត ដល់អ្នករស់នៅក្នុងបុរីមានភាពងាយស្រួល និងមានសេវាប្រើប្រាស់ប្រកបដោយគុណភាព។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបញ្ចប់ភាពផ្ដាច់មុខ របស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាជាមួយបុរី ដើម្បីអាចឱ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ីនធើណិត ដល់អ្នករស់នៅ ក្នុងបុរីមានភាពងាយស្រួល ឆាប់រហ័ស និងមិនរអាក់រអួលដូចមុនទៀត។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចុះកិច្ចសន្យាផ្តាច់មុខ លើសេវាអ៉ីនធើណិតជាមួយម្ចាស់បុរី គឺជាកិច្ចសន្យាដ៏ខុសឆ្គងមួយ ស្តីពីការប្រកួតប្រជែងដោយសុចរិត ដែលរាជរដ្ឋាភិបាលមិនទទួលស្គាល់ជាដាច់ខាត ត្រូវលុបចោលទាំងអស់ ហើយជំរុញឱ្យមានក្រុមហ៊ុនផ្សេងៗ អាចចូលរួមក្នុងការប្រកួតប្រជែង ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី។ នេះគឺជាកិច្ចសន្យាខុសឆ្គងមួយ ស្ដីអំពីការប្រកួតប្រជែងដោយសុចរិត ចឹងអ្នកកសាងបុរីទាំងឡាយ ដែលខ្ញុំសូមបញ្ជាក់ពីទីនេះផងដែរ ដើម្បីយល់ អ្នកត្រូវតែបម្រើអ្នកដែលទៅរស់នៅក្នុងកន្លែងនោះ ឱ្យគេមាន សេវាធ្វើការ អ៊ីចឹងទេបានជាពេលខ្លះពិបាកទាក់ទងថាមានលុយដល់ទៅរាប់ម៉ឺនរាប់សែនដុល្លារហើយ ទៅទិញផ្ទះក្នុងបុរី តែសេវាអ៉ីនធើណិតមាន ដល់សួរទៅថា នៅកន្លែងខ្ញុំវាពិបាក វាអត់មានសេវា ដល់សួរទៅវា មិនមែនកុងត្រារបស់ក្រសួងប្រៃសណីយ៍ ឱ្យគេផ្ដាច់ឯណា តែកុងត្រារវាងបុរីជាមួយនឹងក្រុមហ៊ុនអ៉ីនធើណេត ចឹង បានយើងទើបតែរកឃើញ អ៊ីចឹងត្រូវតែជំរុញល្បឿន ឱ្យបណ្ដាក្រុមហ៊ុននានាត្រូវដំឡើង ដើម្បីបម្រើសេវាឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនោះ ព្រោះមិនអាចធ្វើរបៀបផ្ដាច់មុខនោះទេ រាជរដ្ឋាភិបាលអត់ទទួលស្គាល់ទេ៕

(រូបតំណាង)

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន