ក្រុមហ៊ុន ស៊ីភី អល (CP All) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសថៃ បានស្នើសុំរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមទៀត។ ការស្នើសុំនេះត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅថ្ងៃទី១៦ ខែសីហា នេះ។
ក្នុងជំនួបនោះ លោក កស័ក្ដិ បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ ៕





អត្ថបទ៖ លីនី


