កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣ នៅក្នុង១០រាជធានីខេត្ត ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន
សេដ្ឋកិច្ច August 15, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងឧស្សាហកម្មបានចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់ថា មកទល់ពេលនេះក្រសួងបានចេញលិខិត អនុញ្ញាតនៅ ១០រាជធានីខេត្តមានដូចជា ខេត្តស្វាយរៀងមានចំនួន ៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន ៣តំបន់ ខេត្តព្រះសីហនុមានចំនួន ៣តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់និងរាជធានីភ្នំពេញមានចំនួន ១តំបន់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម បានឱ្យដឹងថា ការបង្កើតតំបន់សេដ្ឋកិច្ចចំនួន២៣តំបន់នេះ ដោយមានរោងចក្រចំនួន៣៩០រោងចក្រ ហើយមានកម្មករកម្មការិនីរោងចក្របម្រើការងារមានចំនួនជាង ១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណជាង៣ពាន់លានដុល្លារ។ (សំឡេង)« យើងឃើញថានេះជាភាពជោគជ័យធំមែន ទែនសម្រាប់កម្ពុជារបស់យើងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យមានភាពទាក់ទាញ»។

ឯកឧត្តមបានបន្ថែមទៀតថា ការបង្កើតឱ្យមានតំបន់សេដ្ឋ កិច្ចនេះឡើងក្នុងគោលបំណង ដើម្បីជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងជំរុញឱ្យមានការវិនិយោគពីក្រៅប្រទេសកាន់ តែច្រើនឡើង និងបានជួយលើកកម្ពស់ជីវភាពប្រជាពល រដ្ឋ រួមនឹងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ សូមជម្រាបថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តយកចិត្តទុកដាក់អនុវត្តគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ក្នុងគោលបំណងធ្វើការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ប្រែក្លាយទៅជាប្រទេសឧស្សាហកម្មភាវូបនីយកម្មនាឆ្នាំ២០២៥ ឬជាឧស្សាហកម្មប្រើប្រាស់ជំនាញ និង បច្ចេក វិទ្យា ដែលមានខ្សែសង្វាក់បង្កើតតម្លៃបន្ថែមខ្ពស់ ស្រប តាមចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សា ហកម្មជំនាន់ទី៤ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ពិពិធកម្មឧស្សាហកម្មមានចរិតច្នៃប្រឌិតខ្ពស់ ៕

ប្រភព៖ ក្រសួងព័ត៌មាន