កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្ស ធនធានធម្មជាតិ
សេដ្ឋកិច្ច August 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា អាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ខណៈដែលថវិកាដែលទទួលបានពីការលក់ ឥណទានកាបូន នឹងត្រូវយកទៅអភិវឌ្ឍក្នុងគោលដៅ ចំនួនពីរ គឺប្រើដើម្បីធ្វើសកម្មភាពអភិរក្ស ធនធានធម្មជាតិ តាមរយៈការបំពាក់នូវសម្ភារៈបច្ចេកទេស មធ្យោបាយ និងការឧបត្ថម្ភផ្សេងៗដល់មន្ត្រីឧទ្យានុរក្ស ទីពីរ សម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ មូលដ្ឋាន ដែលនៅជុំវិញតំបន់ទាញយកឥណទានកាបូន។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ក៏បានវាយតម្លៃខ្ពស់ ផងដែរ ចំពោះការលក់កាបូន ដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការ អនុវត្តន៍គម្រោង រេដបូក REDD+ ដោយធានាដើមឈើឈរ ក៏អាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។

សិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលនេះនឹងបានផ្សព្វផ្សាយបន្ថែម ទៀតដល់មហាជនឱ្យបានយល់ដឹងពីភាពប្រសើរឡើងនៃការការពារអភិរក្ស ដែលអាចរកឃើញ របត់ថ្មីមួយយ៉ាងសំខាន់ក្នុងការលក់កាបូនរបស់កម្ពុជា។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា ក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀតរបស់កម្ពុជា។

សូមបញ្ជាក់ថា ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយក ទៅការពារ និងអភិរក្សធនធាន ធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាពមន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន