យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសថៃអាចនឹងក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកនៅឆ្នាំនេះ ខណៈការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥៦.៦% ដល់ចំនួន ៣.៥ លានតោន ផ្ដល់ប្រាក់ចំណូលប្រហែល ១.៧ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករថៃ ហើយការកើនឡើងនៃការនាំចេញនេះនឹងជួយជំរុញតម្លៃស្រូវក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោកបានកត់សម្គាល់ថា បើឆ្នាំនេះ ថៃអាចនាំចេញអង្ករបាន ៧លានតោន នោះប្រទេសថៃគួរតែអាចយកឈ្នះវៀតណាម និងក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក។
លើសពីនេះទៅទៀត លោក Chalermchai រំពឹងថា ការនាំចេញអង្កររបស់អូស្ត្រាលី មីយ៉ាន់ម៉ា កម្ពុជា អឺរ៉ុប ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងថៃ នឹងកើនឡើង ហើយការនាំចេញអង្ករពីប្រទេសកូឡុំប៊ី អេក្វាឌ័រ ឥណ្ឌា អ៊ីរ៉ាក់ ម៉ាដាហ្គាស្ការ ហ្វីលីពីន ស្រីលង្កា សហរដ្ឋអាមេរិក និងវៀតណាមនឹងធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិរបស់សមាគមអ្នកនាំចេញអង្ករថៃ និងនាយកដ្ឋានគយ (TREA) ប្រទេសថៃបាននាំចេញអង្ករចំនួន ៧៦៤,១៣១ តោនដែលមានតម្លៃ ១៣,១២ពាន់លានបាតក្នុងខែមិថុនា កើនឡើង ៦៩,៤% បើធៀបទៅនឹងការនាំចេញក្នុងខែឧសភា៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ vietnamplus, nationthailand, insider


