យោងតាមការរាយការណ៍របស់ Bloomberg បានឱ្យដឹងថា ប្រទេសរុស្ស៊ី កំពុងប្រកួតប្រជែងជាមួយនឹងអារ៉ាប៊ីសាអូឌីត ដោយលក់ប្រេងបញ្ចុះតម្លៃ។ តាមសារព័ត៌មានដដែល ប្រទេសរុស្ស៊ីកំពុងដាក់ការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់លើប្រេងឆៅរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងតម្លៃប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
បើតាមការគណនា របស់ Bloomberg និងទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា ប្រេងរបស់រុស្ស៊ីមានតម្លៃថោកជាងប្រេងរបស់អារ៉ាប៊ីសាអូឌីតចាប់ពីខែមេសាដល់ខែមិថុនា។ ការបញ្ចុះតម្លៃនេះបានពង្រីកដល់ជិត ១៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែឧសភា ខណៈកាលពីមុនបញ្ចុះត្រឹម ១៣ដុល្លារក្នុងមួយបារ៉ែល។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា រុស្ស៊ីបានយកឈ្នះអារ៉ាប៊ីសាអូឌីតក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទីពីររបស់ឥណ្ឌា នៅពីក្រោយប្រទេសអ៉ីរាក់។ ជាមួយគ្នានេះ ឥណ្ឌាឈរក្នុងនាមជាអតិថិជនប្រេងឆៅធំបំផុតមួយរបស់ពិភពលោក ដោយបាននាំចូលប្រហែល ៨៥% នៃការផ្គត់ផ្គង់របស់ខ្លួន៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ theguardian, economictimes, forbes, yimg


