យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សេដ្ឋកិច្ចក្នុងស្រុកកំពុងបន្តងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របពេលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើវិស័យឧស្សាហកម្មនិងសេវាកម្ម។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម (SMEs) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រោយពីស្ថានភាពវិបត្តិកូវីដ១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើង ខណៈការវិនិយោគ ក្នុងការផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋកំពុងមានតម្រូវការ។ ដូច្នេះជាពេលវេលាដែលសហគ្រាស ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យបានទូលំទូលាយទៅក្នុងផ្នែកឡូហ្ស៊ីស្ទិក ។ លោកបានបញ្ជាក់ថា កម្ពុជាបាននិងកំពុង ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជ កម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនិងបន្តរក្សាលំនឹង និងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។
« ស្ថានភាពបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំក្នុងវិបត្តិកូវីដ១៩ នេះ មានសហគ្រាសមួយចំនួន ក៏បានផ្អាក សហគ្រាសមួយចំនួនបានបិទ ជាស្ថាពរតែម្តង ចំពោះសហគ្រាស ដែលបានផ្អាកនិងបិទភាគច្រើនសហគ្រាសដែលពុំមានតម្រូវការ បញ្ជា ទិញ តម្រូវការទីផ្សារពុំមានច្រើន បានធ្វើឱ្យអាជីវកម្មរបស់គាត់ត្រូវបិទ មិនអាចទប់ទល់បច្ចុប្បន្នបាន ប៉ុន្តែឥឡូវជាឱកាស អាជីវកម្មថ្មី ទាក់ទងទៅវិស័យចំណីអា ហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ជាដើមរបស់ដែលយើងអត់មិនបានគឺកំពុងមានសន្ទុះមានការកើនឡើងទៅវិញ អាជីវកម្មផ្នែកសេដ្ឋកិច្ចឌីជីថលក៏កំពុង រីកចម្រើន »។
សូមបញ្ជាក់ថា សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំដោយសារអំណោយផល ពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគនិងការធ្វើពាណិជ្ជកម្មផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន


