ប្រទេសឡាវកំពុងតែជួបវិបត្តិអតិផរណា ២៥.៦% នៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
សេដ្ឋកិច្ច August 11, 2022 Khmernote

មជ្ឈមណ្ឌល​ស្ថិតិ​ជាតិ​ឡាវ​បាន​បង្ហាញ​ថា អត្រា​អតិផរណា​ក្នុង​ខែកក្កដា ឆ្នាំ​២០២២ មាន​ចំនួន ២៥,៦ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ហើយនេះគឺជាការកើនឡើងពី ២៣.៦% នៅក្នុងខែមិថុនា។ ដោយតួលេខនេះគឺជាអត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ២០០០ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកដែលមានចំណូលទាប។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដែរ តម្លៃអាហារ ឱសថ ថ្លៃធ្វើដំណើរ និងទំនិញប្រើប្រាស់ក្នុងប្រទេសឡាវបានហក់ឡើងយ៉ាងខ្លាំង ជាពិសេស តម្លៃប្រេងឥន្ធនៈបានកើនឡើង ១០៦.៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និង​ប្រាក់​គីប​ឡាវ​ធ្លាក់​ថ្លៃ វាជាកត្តាសំខាន់មួយទៀតដែលជំរុញឱ្យអតិផរណាកើនឡើង។

ហេតុនេះហើយទើបធ្វើ​ឲ្យ​ឡាវ​ក្លាយ​ជា​ប្រទេសដែល​មាន​អតិផរណា​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែលពីមុនឡាវជាប្រទេសដែលនាំចូលផលិតផលច្រើនជាងការនាំចេញរួចទៅហើយ ហើយ​ឥឡូវ​នេះ តម្រូវការ​រូបិយប័ណ្ណ​បរទេស​ក្នុង​ប្រទេស​ឡាវ​កំពុង​កើនឡើង​សម្រាប់​ការ​នាំ​ចូល​ទំនិញ និង​ការ​សង​បំណុល ជា​លទ្ធផលប្រាក់​គីប​បាន​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រដូវ​វស្សា​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុកថា ផលិតផលកសិកម្មនឹងចេញមកតិចជាងធម្មតា នេះនឹងបណ្តាលឱ្យមានការថយចុះនៃបរិមាណទិន្នផលដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃនៃផលិតផលទាំងនេះក៏នឹងកើនឡើងផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖vientianetimes