យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី០៩ ខែសីហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា កម្ពុជាបានទទួលចំណូលជាង ៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស ហើយគិតត្រឹមដើមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹងចំនួន ៣,៥៤៣គីឡូ ដែលនេះបង្ហាញពីការអនុវត្តបានល្អរបស់ក្រុមហ៊ុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី គឺបានផលិតមាសបានគិតជាដុំចំនួន២៣២ដុំ គិតជាគីឡូក្រាម គឺបានចំនួន ៣,៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហានេះ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមួយនេះ ក៏បានបង់សួយសារក្រុមហ៊ុនបានបង់ចូលរដ្ឋ ចំនួនជាង៥លាន១សែនដុល្លារ។ ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនចំនួន ៧ទៀតផងដែរ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មផលិតរ៉ែមាស ប៉ុន្តែទើបតែមានក្រុមហ៊ុនផលិតមកពីអូស្រ្តាលីមួយនេះទេ ដែលបានផលិតរ៉ែមាសជាង ៣តោន។
ឯកឧត្តមបានបន្ថែមថា បើគិតត្រឹមថ្ងៃទី៤ ខែសីហានេះ មានក្រុមហ៊ុន ឌែលខម ជាក្រុមហ៊ុនខ្នាតតូច ដែលបានចាប់ផ្ដើមសាកល្បងផលិតមាសបាន ២០គីឡូក្រាម។ ក្រុមហ៊ុននេះ មានគោលដៅផលិតឱ្យបានក្នុងមួយឆ្នាំ ៣៤០គីឡូ បើគិតជាសួយសារចូលរដ្ឋ បានប្រហែលជាជិត ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជារដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពលជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសជាលើកដំបូង ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មកពីប្រទេសអូស្ដ្រាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕


ប្រភព៖ ក្រសួងព័ត៌មាន


