សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅចុងឆ្នាំនេះ នឹងមានកំណើនកើនឡើងតាមផែនការដែលបានគ្រោងទុក
សេដ្ឋកិច្ច August 8, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅចុងឆ្នាំនេះ នឹងមានកំណើនកើនឡើងតាមផែនការដែលបានគ្រោងទុក ពី ៧៥ម៉ឺន ទៅ ៨០ម៉ឺនតោន។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចាប់ពីខែ សីហានេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជា នឹងមានកំណើនងើបឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធស្រូវអង្ករបានកំណត់ផែនការសកម្មភាព នៃការនាំចេញអង្ករឱ្យបានចន្លោះពី ៧៥ម៉ឺន ទៅ ៨០ ម៉ឺនតោន ដែលចាត់ ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ២០២២ ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពីកម្ពុជាបានជួបឧបសគ្គមួយ ចំនួន នៃការនាំចេញអង្ករនាពេលកន្លងមក។ ជាក់ស្តែងការនាំចេញអង្ករក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២២ បានចំនួន ៣៥០,៩០២ តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរ ជាតិតាមរយៈក្រុមហ៊ុននាំ ចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២ តោន ដែលក្នុងនោះ ទៅកាន់ប្រទេសចិន ម៉ាកាវ និងហុង កុង បានចំនួន ១៦៩,៧៦៦ តោន ស្មើនឹង ៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន៨៩.០៩ លានដុល្លារ។ លោកឧកញ៉ាបន្ថែមថា សហ រដ្ឋអាមេរិកបាននាំចេញទៅ កាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២៥ ប្រទេស បានបរិមាណចំនួន ១២២,៨៤២ តោន ស្មើនឹង ៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន ៨៦,០៨ លានដុល្លារសហរដ្ឋ អាមេរិក។

លោកឧកញ៉ាបន្តថា សម្រាប់ការនាំចេញទៅកាន់ប្រទេសអាស៊ាន មាន៤ ប្រទេស បានចំនួន ២៩,៩៥៧តោន ស្មើនឹង ៩% នៃការនាំចេញសរុប ដែលគិត ជាទឹកប្រាក់ចំនួន២០០៨ លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាគោលដៅផ្សេងៗទៀតចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧ តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់២២.៩២ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះការនាំចេញសរុបមានកំណើន ១៣.២៤% បើធៀបទៅនឹងការនាំចេញក្នុងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ដូចនេះ លោកឧកញ៉ា រំពឹងថា ការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើនកើនឡើងខ្ពស់ ស្របពេលកម្ពុជាកំពុងពង្រីកទីផ្សារថ្មីៗបន្ថែម។

សំឡេង៖ «ដោយឡែកចំពោះប្រទេសកម្ពុជាស្រូវអង្ករ យើងបានព្យាករថា នៅរយៈពេលចុងក្រោយ នឹងមានការកើន ឡើង ដោយក្នុងខែ៨រហូត ដល់ខែ១២នេះ យើងនឹងធ្វើការនាំចេញ ដោយជារួមយើងនឹងផ្ដោត ទៅលើអង្ករទៅតាមទីផ្សារប្រទេសនីមួយៗ ដូចជាប្រទេសចិនដែលគេចង់បានអង្ករប្រភេទល្អប្រណិត ដែលជាអង្ករបាយទន់ អង្ករស និងអង្ករក្រអូបជាដើម ដូច្នេះយើងនឹងព្យាយាមដាំដុះ។ ដោយឡែកសម្រាប់សហគមន៍អឺរ៉ុបវិញ គឺគេបញ្ជាទិញអង្កររបស់យើង ទៅលើអង្ករក្រអូប ដូចជាអង្ករផ្ការំដួល ដូច្នោះយើងរៀបចំប្រមូលនូវតម្រូវការទីផ្សារដើម្បីធ្វើការនាំចេញ។»

សូមបញ្ជាក់ថា នៅក្នុងរយៈ ពេល៧ខែនេះដែរ កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន ៦៣.៦៤% អង្ករស ចំនួន ៣២.៤២% អង្ករចំហុយចំនួន ២.២៣% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន២៣តោន។ ដោយក្នុងនោះកម្ពុជា ក៏បាននាំចេញស្រូវទៅប្រទេសវៀតណាមបានចំនួន ១,៩៥០,៩៨៦ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៨៧.២៤ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន