ក្រៅពីគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាង ៣៨៣លានដុល្លារ ជប៉ុននឹងគាំទ្រគម្រោងផ្សេងទៀតនៅកម្ពុជា
សេដ្ឋកិច្ច August 8, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យវាដំណើរការជាកំពង់ផែស្នូលនៅទាំងកម្ពុជា និងក្នុងតំបន់។

ការបញ្ជាក់នូវជំហរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនៅថ្ងៃទី៤ ខែ សីហានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រារព្វនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសំដែងអំណរគុណចំពោះការគាំទ្រសម្រាប់ការអភិវឌ្ឍកំពង់ផែនេះ និងជំនួយផ្សេងទៀតក្នុងច្រើនវិស័យ។

ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ឯកឧត្តម រដ្ឋមន្រ្តីការបរទេសជប៉ុន ហាយ៉ាស៊ី បានស្វាគមន៍ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅឆ្នាំនេះ ការអនុវត្តគម្រោង ការកសាងសមត្ថភាពវិស័យប្រតិបត្តិការថែរក្សាសន្តិភាព (PKO) និងការចាប់ផ្តើមការចរចាលើលក្ខខណ្ឌស្តីពីសហប្រតិបត្តិការរវាងកងស្វ័យការពារជើងគោកជប៉ុននិងកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា ឯកឧត្តមក៏មានបំណងជំរុញការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមជាបន្ត បន្ទាប់ ក្នុងនោះរួមមានការចូលចត ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាស្វាគមន៍និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយជប៉ុន ហើយមានបំណងជំរុញកិច្ចសហប្រតិបត្តិការថែមទៀត រួមទាំងការធ្វើទស្សនកិច្ចនៅមូលដ្ឋានរាមលើកក្រោយ។

ដោយឡែក លើការងារលទ្ធិប្រជាធិបតេយ្យ ឯកឧត្តម រដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងថា ជប៉ុន បាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍនៃកម្ពុជាផ្អែកលើប្រជាធិបតេយ្យ និងសង្ឃឹមថាការបោះឆ្នោតសាកលដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំក្រោយនៅកម្ពុជា នឹងប្រព្រឹត្តទៅដោយឆ្លុះបញ្ចាំងសំឡេងចម្រុះរបស់ពលរដ្ឋកម្ពុជា។

ក្នុងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តម ហាយ៉ាស៊ី បានសំដែងការ គោរពចំពោះកិច្ចខិតខំប្រឹង ប្រែងនានារបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសំដែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុន អំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា គឺរដ្ឋមន្រ្តីការបរទេសទាំងពីររូប បានឯកភាពបន្តធ្វើការរួមគ្នាដើម្បីសម្រចបាននូវជោគជ័យនៃកិច្ចប្រជុំទាំងនេះ ក្នុងអំឡុង ពេលដែលមានបញ្ហាប្រឈមនានា ដូចជាស្ថានភាពនៅអ៊ុយក្រែន បញ្ហាអាវុធនុយក្លេអ៊ែនិងមីស៊ីល ព្រមទាំងបញ្ហាចាប់ពង្រត់របស់កូរ៉េខាងជើង និងសមុទ្រចិនខាងត្បូងជាដើម ។ ទន្ទឹមនឹងនេះ ក៏បានឯកភាពបន្តពង្រឹងនូវការសហការគ្នាឆ្ពោះទៅជោគ ជ័យខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការេវាងជប៉ុន និងអាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន