យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា រដ្ឋបាលលោក Biden កាលពីថ្ងៃអង្គារ ទី០៣ ខែសីហា ម្សិលមិញនេះ បានដាក់ទណ្ឌកម្មលើមិត្តស្រីរបស់លោក Vladimir Putin ឈ្មោះថា Alina Kabaeva ជុំវិញជម្លោះនៅអ៊ុយក្រែន។ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា ខ្លួនបានដាក់ទណ្ឌកម្មលើនាង Kabaeva ដែលជាអតីតអ្នកហាត់កាយសម្ព័ន្ធអូឡាំពិក និងបច្ចុប្បន្នជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយជាតិគាំទ្រវិមានក្រឹមឡាំង ហើយត្រូវបានគេរាយការណ៍ថា ជាមិត្តស្រីរបស់ប្រធានាធិបតីរុស្ស៊ី។
សេចក្ដីប្រកាសបានបន្តថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Putin ហើយជាលទ្ធផលទ្រព្យសម្បត្តិណាក៏ដោយដែលជារបស់ Kabeava កាន់កាប់នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានរារាំង។ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា៖ “នៅពេលដែលប្រជាជនស្លូតត្រង់ទទួលរងពីសង្រ្គាមឈ្លានពានខុសច្បាប់របស់រុស្ស៊ី សម្ព័ន្ធមិត្តរបស់លោក Putin បានបង្កើនទ្រព្យសម្បត្តិកាន់តែច្រើន និងផ្តល់មូលនិធិដល់របៀបរស់នៅដ៏សំបូរបែប”។
គួរបញ្ជាក់ផងដែរថា ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើ Kabaeva កាលពីដើមឆ្នាំនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ upi.com, media.sot, .news18.com, thelevantnews


