យោងតាមប្រភពព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២២ ដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំក្រោយ ដែលមិនធ្លាប់មានពីមុនមក ពី ៩៣០ យ៉េនក្នុងមួយម៉ោងដល់ ៩៦១ យ៉េន(៧.២៨$) ឬជាអត្រាភាគរយគឺ កើនឡើង ៣.៣% សម្រាប់បុគ្គលិកគ្រប់ប្រភេទ ដូចជាកម្មករក្រៅម៉ោងជាដើម និងកម្មករកិច្ចសន្យា ខណៈជប៉ុនជួបប្រទះនឹងអតិផរណាកើនឡើង។ ចំពោះការប្រកាសរបស់រដ្ឋាភិបាលបានធ្វើឡើងតាមអនុសាសន៍របស់អនុគណៈកម្មាធិការកណ្តាលប្រាក់ឈ្នួលអប្បបរមា អាស្រ័យលើក្រសួងការងារ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ និងបម្រើជាស្តង់ដារប្រាក់ឈ្នួលអប្បបរមាជាតិ ក៏ដូចជាមានការយល់ព្រមដូចដែលផ្តល់ដោយគណៈកម្មាធិការ ដែលមានតំណាងរដ្ឋបាល និងសហជីព ។
សូម្បីតែកន្លងមក ជប៉ុនបានដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ប៉ុន្តែវានៅក្នុងកម្រិតមិនខ្ពស់ពេកទេ ទន្ទឹមនឹងនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានកើតឡើងតាំងពីខែកុម្ភៈ បានជំរុញឲ្យតម្លៃថាមពល វត្ថុធាតុដើម និងអាហារឡើងថ្លៃ ខណៈពេលដែលអត្រាអតិផរណានៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ២% ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលជាកត្តាបង្កសម្ពាធទៅលើគ្រួសារនីមួយៗផងដែរ។ ចំណែកខាងវិស័យការងារក៏បានអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួលអោយបានច្រើន ដោយសារតម្លៃសម្រាប់ការរស់នៅកើនឡើង ខណៈពេលដែលវិស័យផ្នែកគ្រប់គ្រងកំពុងប្រឈមនឹងការកើនឡើងនៃការចំណាយ ទើបបានជាមានការសង្កត់ធ្ងន់លើតម្រូវការក្នុងការពិចារណាយ៉ាងហ្មត់ចត់អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា។
ការសម្រេចចិត្តលើប្រាក់ឈ្នួលអប្បបរមាត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំនៃសាជីវកម្មធំ ៗ បានផ្តល់ប្រាក់ឈ្នួលលើសពី ២% ដើម្បីផ្តល់ជាសំណងដល់បុគ្គលិក សម្រាប់អតិផរណាដែលបានដាក់សម្ពាធលើការចំណាយ។ ចំណែករដ្ឋាភិបាលមានតួនាទីកំណត់ប្រាក់ឈ្នួលអប្បបរមានេះ ដែលខុសពីកិច្ចប្រជុំពិភាក្សាស្តីអំពីប្រាក់ឈ្នួល ដែលមានតួនាទីក្នុងការកំណត់ប្រាក់ខែដោយផ្ទាល់រវាងការគ្រប់គ្រងរបស់ស្ថាប័ន និងសហជីព៕

អត្ថបទ៖ Bee
ប្រភព៖ english.kyodonews


